Processed with Rookie Cam
(បាត់ដំបង)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការបង្រ្កាបករណីហិង្សាដោយចេតនា បង្កទំនាស់ដាក់គ្នាទៅវិញទៅមក រវាងបុរស ០២ក្រុម ដោយធ្វើការនាំខ្លួនចំនួន ០៤នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរស្រាវជ្រាវ។
អ្នកទាំង ០២ក្រុមខាងលើ រួមមាន៖
១-ឈ្មោះ ម៉ី សុវណ្ណគីរី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ វន សិលា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះ ទឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា នាវេលាម៉ោង ០២៖៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយកើតឡើង ដោយទំនាស់ពាក្យសម្ដីរវាងបុរស ០២ក្រុម ប្រដាប់ដោយដុំថ្មដាក់គ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីដល់ប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មាននេះ លោកអធិការនគរបាលក្រុង បានដឹកនាំកម្លាំងទៅដល់កន្លែងកើតហេតុ តែក្រុមបង្កបានបំបែកគ្នាចាកចេញពីកន្លែងកើតហេតុ តែសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅនាំខ្លួនពួកគាត់ចំនួន ០៤នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលកំពុងគេចខ្លួន នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីសាកសួរ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា ទាំងពីរក្រុមនេះ បានទាស់ពាក្យសម្ដីដាក់គ្នារហូតឈានទៅប្រើហិង្សាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលកណ្តាលក្រុងបាត់ដំបង ហើយពេលនេះ នគរបាលក្រុងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់នៅសាលាដំបូងខេត្តបាត់ដំបង។
គួរបញ្ជាក់ថា នារាត្រីដដែលនេះ ក៏មានករណីហិង្សាមួយទៀតកើតឡើងនៅកណ្តាលក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើលពីមហាជនដែលធ្វើដំណើរតាមដងផ្លូវ ដោយទិដ្ឋាភាពនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម។
មកដល់ពេលនេះ ក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចកំណត់អត្តសញ្ញាណនៃគូរទំនាស់នោះបានហើយ អាចឈានទៅនាំខ្លួនមកធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់ ចំពោះករណីអាណាធិបតេយ្យកណ្តាលក្រុងបែបនេះ៕



