(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១:១៥ នាទី នៅចំណុចក្រុមទី១៤ ភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ កុសល ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន វី ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ជាច្រើនកាំបិត បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ កុសល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន។
មូលហេតុដោយសារ មានទំនាស់ពាក្យសម្ដីជាមួយគ្នា។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កាំបិតខ្វែវចំនួន ០១ ដើម។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូន ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

