(ព្រះវិហារ)៖ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ក្រោមការសហការយ៉ាងស្អិតរមួត រវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ព្រៃទ្បង់-បឹងពែរ និងលោក តាន់ គីមសួរ។
បន្ទាប់ពីទទួលបានការរាយការណ៍ពី លោក តាន់ គីមសួរ ភ្លាម លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថាន បានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាកសាំយ៉ុងចំនួន ០១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
ទីតាំងបង្ក្រាប៖ ស្ថិតនៅចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់៕

