(កំពង់ស្ពឺ)៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វើការសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា (អ្នកទទួលផលចោរកម្ម) ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១.៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២.៣០០ដុល្លារ រថយន្ដគ្មានឯកសារច្បាប់ដើម នៅចំណុចភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦។
ក្នុងប្រតិបត្ដិការ កម្លាំងសមត្ថកិច្ចធ្វើការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម (យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរទិញលក់រថយន្ដដោះបំបែកគ្រឿងលក់ (កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលើត្រូវប្រជាពលរដ្ឋចម្រុះ រួមជាមួយអ្នកធ្វើដំណើរបានមកឈរមើលផ្អើលឈូឆរ និងបានធ្វើសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនឱ្យសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់មុខសញ្ញាបានចំនួន ០៣នាក់ រួមមាន៖
១-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម
២-ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង
៣-ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង។
ករណីខាងលើនេះ សមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដើម្បីការពាររារាំងសមត្ថកិច្ចមិនឱ្យអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្នមុខសញ្ញាទាំង ០៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់៕

