(ភ្នំពេញ)៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៩នាក់ ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០៣ករណី ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
*ករណីទី១ បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កុបពី ០១គ្រឿង របស់ស្រ្តីរងគ្រោះម្នាក់ នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ហើយពួកគេក៏រងការចោទប្រកាន់ពាក់ព័ន្ធ ការរក្សាទុក និងដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយសមត្ថកិច្ចដកហូតវត្ថុតាងមួយចំមួយចំនួនធំដែលបម្រើឱ្យការធ្វើសកម្មភាពបទល្មើសខុសច្បាប់។
*ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា (ព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កុបពី ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង ពីជនរងគ្រោះ កាលពីថ្ងៃទីទី១៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ហើយពួកគេក៏ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខណៈដែលសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន។
*ករណីទី៣ បទល្មើសបង្ខាំងដោយខុសច្បាប់ជំរិតទារប្រាក់ (ពុំបានសម្រេច) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទីទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០២នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

