(បាត់ដំបង)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧៖០០នាទីយប់ មានករណីគ្រោះថ្នាក់អគ្គិភ័យ បណ្តាលឱ្យឆេះទីតាំងស្តុកទុយោទឹកចំនួន ០១កន្លែង របស់ក្រុមហ៊ុន គិរីដងរែក ទទួលម៉ៅការដាក់ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង ស្ថិតនៅត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចជំនាញ កំពុងធ្វើការការស្រាវជ្រាវករណីអគ្គិភ័យនេះ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ សម្ភារខូចខាតរួមមាន៖ ឆេះទុយោអស់ប្រមាណ២.០០០ ០០០ ( ពីរលានដុល្លាអាមេរិក)។
ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យតាមស្រុក សហការជាមួយកម្លាំងចម្រុះ បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕

