(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង ០៨៖៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ ទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ អ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
ក្រោយពីធ្វើការស្ដាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនជាបក្ខពួកជនសង្ស័យជាបន្ដបន្ទាប់បានចំនួន ០២នាក់ បន្ថែមទៀត ១.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២១ឆ្នាំ (មុខសញ្ញាចាស់), ២.ឈ្មោះ យឿត សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាបក្ខពួកយ៉ាងសកម្មយកម៉ូតូលក់បន្ដឱ្យក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។
ជាមួយគ្នានោះ កម្លាំងជំនាញបានបន្ដវិធានការស្រាវជ្រាវ បន្ដឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន ០២នាក់ទៀត ឈ្មោះ ទឹម តុលា ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ កែវ ថាវី ហៅគួក ភេទប្រុស អាយុ ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់មកដោយមានការសហកាណ៍ពីជនសង្ស័យ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូពីឈ្មោះ កែវ ថាវី ជាបន្ដបន្ទាប់ បានសរុបចំនួន ០៣នាក់ទៀត ១.ឈ្មោះ ចម ចិន ភេទប្រុស អាយុ ២៧ឆ្នាំ, ២.ឈ្មោះ ជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
វត្ថុតាងចាប់យក រួមមាន៖ ១.ម៉ូតូមាំកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន ០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ ០៤គ្រឿងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN 6647 ចំនួន០១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

