ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសេចក្តីសម្រេចអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយជូនដល់ក្រុមការងារក្នុងស្រុកអូយ៉ាដាវ នៅសាលាស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សាម សុជាង អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មេឃុំ មេភូមិ មន្ត្រីសាលាស្រុក និងមន្ទីរពាក់ព័ន្ធ ។
ក្នុងឱកាសនេះ ឯកឧត្តម គិត ទ្រី បានលើកឡើងថា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបើកសម័យប្រជុំរួមគ្នារបស់សមាជិកសមាជិការរដ្ឋសភា និងព្រឹទ្ធសភា ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីធ្វើការពិភាក្សានិងអនុម័តលើប្រធានបទចំនួន៣ រួមមាន៖ ១-ប្រព័ន្ធគាំពារសង្គម ២-សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៣-វិស័យកសិកម្ម ដោយអង្គសមាជបានធ្វើការពិភាក្សាដេញដោលលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
នេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធឆ្លើយតប នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ។







