(ភ្នំពេញ)៖ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសុទ្ធសឹងជាអតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការបញ្ចប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម មានខ្លឹមសារដូច្នេះថា៖
ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC មានចំនួនសរុប៣៥ស្ថានីយ ដែលក្នុងនោះស្ថានីយកំពុងដំណើរការមានចំនួន៣១ និងស្ថិតនៅក្នុងដំណើរ ការសាងសង់ចំនួន៤។
នៅក្នុងអំឡុងពេលអន្តរកាលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុន PPC កំពុងធ្វើការរៀបចំប្រភពផ្គត់ផ្គង់ប្រេង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធបញ្ជាទិញប្រេង មធ្យោបាយដឹកជញ្ជូនតាមស្ថានីយ រៀបចំប្រព័ន្ធគ្រប់គ្រង ព្រមទាំងបញ្ជាទិញសម្ភារៈ។ល។ ដើម្បីកែលម្អរចនាបទអាជីវកម្ម និងឡូហ្គូថ្មីទៅតាម ស្ថានីយនីមួយៗដែលគម្រោងទាំងអស់នេះចាំបាច់ត្រូវការរយៈពេល យ៉ាងហោចណាស់ ៣(បី)ខែ ដើម្បីអាចធ្វើឱ្យ ប្រតិបត្តិការអាជីវកម្មថ្មីដំណើរការទៅបានប្រកបដោយជោគជ័យ និងរលូន។
ដើម្បីឆ្លើយតបនឹងដំណោះស្រាយផ្លូវច្បាប់ផ្សេងៗ និងធានាបាននូវនិរន្តភាពនៃអាជីវកម្មរបស់ស្ថានីយ ដែលត្រូវដំណើរការប្រេនថ្មីខាងលើសម្រាប់អំឡុងពេលអន្តរកាលនេះ ក្រុមហ៊ុន PPC បានសម្រេចចិត្តដោះស្រាយ បញ្ហាចំពោះមុខទាក់ទងទៅនឹង៖
*ក្របខណ្ឌពេលវេលា៖ ដោយក្រុមហ៊ុនត្រូវការពេលវេលាដូចខាងលើដើម្បីធ្វើការផ្លាស់ប្តូរ រៀបចំបង្កើតរចនា សម្ព័ន្ធអាជីវកម្មថ្មីដែលយើងពុំបានគ្រោងទុកជាមុន និងការចាត់ចែងស្តុកប្រេងតាមស្ថានីយនីមួយៗមុនការ ផ្លាស់ប្តូរ។
*ការចាត់ចែងស្តុកប្រេងរយៈពេលខ្លីពីប្រេនចាស់ ប៉ុន្តែមិនមែនជាប្រេងមកពីប្រទេសដែលប្រជាពលរដ្ឋកំពុង ធ្វើពហិការមិនប្រើប្រាស់នោះទេ។
*ការគិតគូរអំពីអំពីប្រេនកាហ្វេថ្មីដែលនឹងមានវត្តមាននៅក្នុងស្ថានីយ PPC នៅពេលខាងមុខ៕

