(ក្រចេះ) ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានដឹកនាំកម្លាំងសហការជាមួយជំនាញរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅទំនប់ទ្រនូលឆ្នាំង ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានលែងកូនត្រីជិត ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
លោកវរសេនីយ៍ត្រី រ៉ន សាមុត បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចបានដកហូតវត្តុតាង រួមមាន៖
១-របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែង ១២០០ម៉ែត្រ
២-លូស្បៃមុងចំនួន ១៥មាត់លូ ប្រវែង ៩០ម៉ែត្រ
៣-របាំងព្រួលឫស្សីចំនួន ០១គ្រឿង
៤-បង្គោលចម្រឹងឫស្សីចំនួន ២៣០ដើម។
លោកមេបញ្ជាការ បានបញ្ជាក់បន្ថែមថា ក្រោយពីការបង្ក្រាបបទល្មើស និងវត្ថុតាងដែលដកហូតបាន ត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង។ ចំពោះកូនត្រី ត្រូវបានលែងកូនត្រីចូលក្នុងបឹងធម្មជាតិ។
គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះ ក្នុងខែនេះ គឺស្ថិតក្នុងរដូវបិទនេសាទ ដែលមានរយៈពេលចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

