នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យម្នាក់ ដែលយកកាំបិតខ្វែវកាប់ជនរងគ្រោះម្នាក់ បណ្ដាលឲ្យដាច់ក្បាលធ្លាក់ដល់ដី ក្នុងវង់ផឹកខាងមុខផ្ទះ ទៅកាន់តុលាការ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទុំ ចិន្តា ភេទប្រុស អាយុ ៤១ ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ។ ចំណែកជនដៃដល់ឈ្មោះ ចែម ធារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ។ អ្នកទាំង ២ នាក់ រស់នៅក្នុងភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នកជិតខាងនឹងគ្នាផងដែរ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១៧ និង ០០ នាទី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ជនរងគ្រោះបានអង្គុយហូបស្រាថ្នាំជាមួយឈ្មោះ ឈាង និង ឈ្មោះ ណាន នៅលើគ្រែមុខផ្ទះរបស់ឈ្មោះ អន ផៃ ដែលនៅក្បែរផ្ទះរបស់ជនសង្ស័យ។ លុះពេលជនរងគ្រោះកំពុងហូបស្រាថ្នាំលើគ្រែនោះ ស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវដើរចេញពីផ្ទះមកកន្លែងវង់ផឹកស្រារបស់ជនរងគ្រោះ។ ពេលនោះអ្នកក្នុងវង់ហូបស្រាបានសួរជនសង្ស័យថា «ហ្អែងទៅណា?» ជនសង្ស័យ និយាយថា ទៅរកកាប់ចម្ពាម។ និយាយរួច ក៏ដើរចេញបានបន្តិច ស្រាប់តែជនសង្ស័យដើរត្រឡប់មកវិញ យារកាំបិតខ្វែវកាប់សំដៅកជនរងគ្រោះបណ្ដាលឲ្យដាច់ក្បាលចេញពីស្មាធ្លាក់លើគ្រែ ឯខ្លួនធ្លាក់ទៅដី រួចជនសង្ស័យរត់គេចខ្លួន បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ទីកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

