កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ
យោងគណនី ហ្វេសប៊ុកឈ្មោះ បងបារាំង ទទួលដឹកអឺវ៉ាន់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២ និង០០នាទី បានបង្ហោះថា មេមេរត់ឡានផ្លូវជាតិលេខ៥ ប្រុងប្រយ័ត្នបេះណាលេងបានជួបមុខប្រពន្ធកូនចន្លោះពីពោធិ៍សាត់មកក្រគរបៀតសាលាឃុំត្នោតជុំ។ ពួកវាបាញ់គ្រាប់សំណមករកក្បាលតែម្ដងសំណាងល្អខុសបន្តិចធ្លុះកញ្ចក់ឡានខាងមុខ។
ក្រោយទទួលទទួលបានពត៌មាន លោកអធិការនគរបាលស្រុកក្រគរ ដាក់បទបញ្ជារ ផែននគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ទើបកំណត់មុខសញ្ញានិងឃាត់ខ្លួនបានចំនួន ០២នាក់ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង០០នាទី ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន
១.ជនសង្ស័យឈ្មោះ លាង សៅរ៉េ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួតស្រុកក្រគរ ខេត្តពោធិ៍សាត់។
២.ជនសង្ស័យឈ្មោះ រី ម៉េងហុី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្ដម កូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥និង ៥៨នាទី ដើម្បីរៀបចំនិតិវិធីបញ្ជូន។

