សពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅលើផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានស្នាមរបួសត្រង់ក្បាលផ្នែកខាងឆ្វេង ស្លៀកខោខោវប៊យ ពណ៌ខៀវ ពាក់អាវសាច់ក្រណាត់ដៃខ្លីផ្កា ពណ៌ប្រផេះ មានកម្ពស់ ១.៧០ម៉ែត្រ សម្បុរស្រអែម ។ ចំណែកជនល្មើសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានគ្នាប្រមាណ ៣ ទៅ ៤ នាក់ ។
តាមដំណើររឿងនៅវេលាខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានទទួលព័ត៌មានពីលោកមេភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង រាយការណ៍មកថា មានប្រជាពលរដ្ឋប្រទះឃើញសាកសព មនុស្សប្រុស ១នាក់ ជនជាតិខ្មែរ ស្លាប់នៅលើផ្លូវលំក្រាលក្រួសក្រហម ចំណុចស្ពានអន្លង់ផ្លុង ស្ថិតនៅភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឃាតកម្មនៅទីតាំងផ្សេងយកមកទម្លាក់ចោលនៅទីនេះ ។
បច្ចុប្បន្ន សពជនរងគ្រោះ បានតម្កល់ទុកនៅកន្លែងរក្សាសព នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីប្រកាសរកសាច់ញាតិ និងបំពេញសំណុំរឿងតាមនីតិវិធី ៕

