(ស្វាយរៀង) ​៖ ជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជួនទៅកាន់មន្ទីរពេទ្យក្រោយពីកាន់កាំបិតរត់ចូលហាងគេត្រូវកម្មករព្រួតវាយយ៉ាងដំណំរួមលើកជនរងគ្រោះមកទុកចោលនៅមុខហាងមួយកន្លែងនៅក្រុងបាវិត។​

យោងតាមសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០នាទី ការិយាល័យជំនាញបានទទួលព័ត៌មានពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងថា៖ មានជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

ប្រភព បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោក វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវ។

សមត្ថកិច្ច​ បានឱ្យដឹងទៀតថា ជាលទ្ធផលនៃការពិនិត្យសាកសព៖សាកសពឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN CHUNG) ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណបណ្ណលេខ 034075006233 មុខរបរមិនពិតប្រាកដ។ហើយនៅលើខ្លួនប្រាណសាកសពមានស្នាមជាំជាច្រើនកន្លែង។

ហើយតាមការសន្និដ្ឋានផ្អែកតាមការពិនិត្យសាកសព សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ សន្និដ្ឋានបានថា ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN CHUNG) ស្លាប់ដោយសារការប្រព្រឹត្តអំពើហិង្សា ដោយឡែកសាកសព សមត្ថកិច្ចយើង បានបញ្ជូនតាមរថយន្តយកទៅរក្សាទុកនៅសាលតម្កល់សពក្នុងវត្តទឹកថ្លា រាជធានីភំ្នពេញ។

សមត្ថកិច្ច ​បានបញ្ជាក់ថាលទ្ធផលនៃការស្រាវជ្រាវតាមការស្រាវជ្រាវដល់កន្លែងកើតហេតុបានឱ្យដឹងថា កាលពីព្រលឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ មានបុរសជនជាតិវៀតណាមម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកខោខ្លី គ្មានអាវ ដេកសន្លប់បាត់ស្មារតីនៅត្រង់ចំណុចខាងមុខផ្ទះឈ្មោះ យិន ស៊ីថាន ហើយត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះយកមកមន្ទីរពេទ្យ។

សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពរហូតមកដល់ម៉ោង ១២និង៣០នាទី ឃើញថា កាលពីវេលាម៉ោង ០៤និង៥០ នាទី ទៀបភ្លឺ មានបុរសជនជាតិវៀតណាមឈ្មោះ ង្វៀង វ៉ាន់ជុង ស្លៀកខោខ្លី ពណ៌ខ្មៅ គ្មានអាវ ដើរកាន់កាំបិតពីទិសខាងកើតមកខាងលិច មកដល់ចំណុចហាងលក់បន្លែគ្មានស្លាកយីហោ បានរត់ចូលក្នុងហាង តែត្រូវកម្មករនៅខាងក្នុងនាំគ្នាដេញចេញមកវិញ ពេលនោះឈ្មោះ ង្វៀង វ៉ាន់ជុង បានដើរឆ្លងផ្លូវចូលទៅក្នុងផ្ទះលក់ឈ្មោះ យិន ស៊ីថាន រួចចាក់សោរទ្វារដើរទៅក្រោយ ក៏មានមនុស្សមួយក្រុមរត់ចូលទៅ បានមួយសន្ទុះ ក៏ឃើញលើកសែងបុរសជនជាតិវៀតណាមនោះមកទុកខាងមុខផ្ទះ។

ក្រោយទទួលបានរូបភាពវីដេអូនេះរួច សមត្ថកិច្ចបានធ្វើការនាំខ្លួនបុគ្គលសង្ស័យពាក់ព័ន្ធចំនួន ០៥នាក់ ជាជនជាតិខ្មែរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

បុគ្គលសង្ស័យរួមមាន៖
១/ឈ្មោះ យិន ស៊ីថាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង,
២/ឈ្មោះ អ៊ុក តៃនិញ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង,
៣/ឈ្មោះ វាសនា សាលិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រងបាវិត ខេត្តស្វាយរៀង,
៤/ឈ្មោះ សូរ ប្រុសណេត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រងបាវិត ខេត្តស្វាយរៀង
៥/ឈ្មោះ តន ម៉េងហួរ ហៅត្រេន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយដោះសារដោយ ឈ្មោះ អ៊ុក តៃនិញ និងឈ្មោះ វាសនា សាលិ ឆ្លើយថា ពួកខ្លួនចូលរួមជួយឃាត់ប៉ុន្តែមិនវាយទៅលើបុរសនោះទេ។ រីឯឈ្មោះ សូរ ប្រុសណេត និងឈ្មោះ តន ម៉េងហួរ ហៅត្រេន ឆ្លើយថា ពួកខ្លួនរត់ទៅជួយឃាត់ រួចឈ្មោះ ណេត បានទាត់មួយជើងចំត្រគៀក និងឈ្មោះ ត្រេន វាយមួយខ្សែក្រវ៉ាតចំខ្នង។​

ចំណែកឈ្មោះ យិន ស៊ីថាន ឆ្លើយថា ខ្លួនរត់ទៅនាំប្រពន្ធកូនចូលបន្ទប់ចាក់សោពុំបានវាយនោះទេ៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed