(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារពីសប្បុរសជនប្រទេសម៉ាឡេស៊ី ដើម្បីចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ៨០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបមុខរបរលើផ្ទះបណ្តែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលនេះគឺជាការជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិតធំ ដល់បងប្អូនដែលកំពុងអនុវត្តកាតព្វកិច្ចបួសក្នុងក្នុងឱកាសខែបួសរ៉ាម៉ាឌន។
ឯកឧត្តម អែល សៀត មានប្រសាសន៍ថា ការចែករំលែកអាហារក្នុងខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពដែលមានគុណតម្លៃខ្ពង់ខ្ពស់ផ្នែកវិញ្ញាណ និងសង្គម តាមរយៈការចែករំលែកជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ បង្ហាញពីស្មារតីយើងសុទ្ធតែជាបងប្អូនគ្នា។ ចំពោះការចែករំលែក គឺជាការបង្ហាញការដឹងគុណចំពោះព្រះជាម្ចាស់ ហើយសាសនិកឥស្លាមជឿជាក់ថា ការកាន់តែចែករំលែក នឹងកាន់តែទទួលបានសិរីសួស្តីដល់ជីវិត និងមុខរបរ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្ត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយពីប្រទេសម៉ាឡេស៊ី ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌នៅកម្ពុជា។ ពិតណាស់ អំណោយទាំងនេះមិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃសាមគ្គីភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។ សកម្មភាពនេះក៏ជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

