(បាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ឯក សេង លុច ជាអធិការនគរបាលស្រុក និងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល សហការបង្រ្កាបនាំខ្លួនក្មេងទំនើងដែលបង្កហិង្សា បណ្តាលឱ្យរបួសសមត្ថកិច្ចនគរបាលម្នាក់ដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលនោះគឺឈ្មោះ ហួត ចាន់រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០១៖៤៨នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រុន ស្រុកថ្មគោល ចុះល្បាតក្នុងមូលដ្ឋានបានប្រទះនឹងម៉ូតូ ០១គ្រឿង ជិះគ្នា ០៣នាក់ ក្នុងស្ថានភាពគួរឱ្យស័ង្សយ។
ត្បិតពួកគេជិះគេចពីរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ទើបកម្លាំងជិះតាមពីក្រោយបំណងឱ្យឈប់ ប៉ុន្តែមិននឹកស្មានថាពួកគេគឺជាមុខសញ្ញាល្មើស គេបានដកកាំបិតកាប់មកលើសមត្ថកិច្ចនគរបាលកំពុងបើកម៉ូតូ បណ្តាលឱ្យរងរបួស(របួសដៃ) ហើយជិះគេចខ្លួនពីកន្លែងកើតហេតុ រីមន្រ្តីរងរបួសគឺលោកព្រិន្ទបាលទោ ម៉ែន ចាន់ដារិទ្ធិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន ត្រូវបាននាំទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់ក្រុមការងារទៅសួរសុខទុក្ខ និងនាំយកថវិកាទៅប្រគល់ជូនដល់មន្ទីរពេទ្យ ជាការលើកទឹកចិត្ត។
តាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការបង្រ្កាបឃាត់ខ្លួនរូបគេ ដែលការសាកសួរគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពកាប់ទៅលើសមត្ថកិច្ចនគរបាល កាលពីយប់កើតហេតុនោះប្រាដកមែន គឺពេលដែលពួកគេទាំង ០៣នាក់ ជិះម៉ូតូប៉ងដើម្បីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូតាមផ្លូវនៅពេលយប់ ក៏ជួបសមត្ថកិច្ចទើបគេធ្វើបែបនេះដើម្បីរំដោះខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមប្រមាញ់បក្ខពួកចំនួន ០២នាក់ទៀត ដែលគេចខ្លួន តែសមត្ថកិច្ចមានសាវតាជាតិគ្រប់គ្រាន់អស់ហើយ ទោះបីពួកអ្នករត់ទៅទីណាក៏រត់មិនរួចពីសំណាញ់ច្បាប់ដែរ៕



