(បាត់ដំបង) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០៖៤៨នាទី នៅចំណុចក្រុមទី១៣ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពប្រើប្រាស់កាំបិតជិះម៉ូតូដេញកាប់ជនរងគ្រោះឈ្មោះ ឡឹក លិ អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើឱ្យជនរងគ្រោះភ័យ ក៏ផ្ដួលម៉ូតូចោលនិងរត់គេចចូលផ្ទះអ្នកភូមិ រងរបួសស្រាល (រលាត់ក្បាលជង្គង់) ភ្លាមនោះបក្ខពួកជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដង។

សម្ភារៈបាត់បង់ រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AZ-3976។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការបានឡើងពួនស្ទាក់តាមដងផ្លូវសំខាន់ៗ ដែលជាទិសដៅបក្ខពួកជនសង្ស័យជិះគេចខ្លួន។

លុះវេលាម៉ោង ២៣៖០២នាទី នៅថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាន សេងហុក ហៅរ៉ាត់ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនិងម៉ូតូចំនួន ០១គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួករបស់ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតជិះម៉ូតូដេញកាប់ជនរងគ្រោះយកម៉ូតូប្រាកដមែន ត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។ រួចសមត្ថកិច្ចបានស្រាវជ្រាវរកឃើញបក្ខពួកជនសង្ស័យ ប៉ុន្តែពេលទៅដល់ពួកគេបាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកម៉ូតូចំនួន ០២គ្រឿង ដែលពួកជនសង្ស័យនោះលួចបាន។

វត្ថុតាងដកហូត រួមមាន៖ ១-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AZ-3976 (ម៉ូតូជនរងគ្រោះ), ២-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AX-5613 និង៣-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ,គ្មានអាវ, គ្មានកញ្ចក់ (មធ្យោបាយជិះធ្វើសកម្មភាព)។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published. Required fields are marked *