(កណ្ដាល)៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់។

ករណីទី១: ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៤៖២០នាទី បង្កដោយក្រុមក្មេងទំនើង។

ករណីទី២: ប្រព្រឹត្តល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៥៖០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ។

ករណីទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីសុីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង ០៤៖២០នាទី។

ករណីទី៤: ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវ២១ ស្ពានទី២ មុខស្ថាននីយ៍ប្រេង PTT ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *