នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតិពីឯកឧត្ដម សុខ លូ អភិបាលខេត្តនិងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងឯកឧត្ដម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តនិងសហការី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី)ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន ប្រធានបេសកកម្ម លោកស្រី ខាត់ ស្តេវ៉ត ប្រតិភូផ្នែកយោធាប្រចាំតំបន់និង លោក យុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហមប្រចាំប្រទេសកម្ពុជាក្នុងគោលបំណង ជួយសម្របសម្រួលបេសកកម្មពិនិត្យ វាយតម្លៃ និងចងក្រងឯកសារដោយឯករាជ្យស្ដីពីផលប៉ះពាល់ផ្នែកមនុស្សធម៌លើប្រជាជនស៊ីវិល ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន ស្របតាមអាណត្តិដែលមានចែងក្នុងអនុសញ្ញាក្រុងហ្សឺណែវ។
ក្នុងជំនួបពិភាក្សា ឯកឧត្តម ផេង សិទ្ធី បានសម្របសម្រួលជូនប្រតិភូICRCដើម្បីសុំចុះទស្សនកិច្ច ស្វែងយល់ជាក់ស្តែងនៅតាមសហគមន៍រងគ្រោះដើម្បីធ្វើការសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបង្កឡើងពីសកម្មភាពជម្លោះ ប្រដាប់អាវុធ រួមមាន ការប៉ះពាល់ដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌ វប្បធម៌ ស្របតាម គោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL)ផងដែរ។

