(ព្រះសីហនុ)៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានអំពីករណីនារីជនជាតិវៀតណាមម្នាក់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយទទួលព័ត៌មានភ្លាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ ដោយសនិដ្ឋានថា ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យជនរងគ្រោះស្លាប់ និងបានកំណត់មុខសញ្ញាជនសង្ស័យ។
ជនរងគ្រោះ ភេទស្រី កើតឆ្នាំ២០០០ ជនជាតិវៀតណាម។ ចំណែកជនសង្ស័យមានឈ្មោះ ZHENG ZI CHAO ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន។
មូលហេតុករណីនេះ កើតចេញពីជម្លោះរវាងជនសង្ស័យ និងជនរងគ្រោះ ដែលជាសង្សាគ្នា បណ្តាលឱ្យជនសង្ស័យប្រើអំពើហិង្សា។ ដោយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយគេចខ្លួនទៅប្រទេសវៀតណាម ហើយបានវិលត្រឡប់ចូលកម្ពុជាវិញតាមច្រកខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

