(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីឆបោក ដោយជនសង្ស័យខ្ចីម៉ូតូជនរងគ្រោះដើម្បីជិះទៅផ្សារ ហើយក៏មិនឃើញជិះម៉ូតូយកមកឱ្យវិញ។
តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖៤០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់សែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលពាក្យបណ្តឹងពីឈ្មោះ នី ណា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្ដុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ស៊ីម សាន្ត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៣០នាទី ឈ្មោះ ស៊ីម សាន្ត បានខ្ចីម៉ូតូរបស់គាត់ ០១គ្រឿង ដើម្បីជិះទៅផ្សារបាត់ដឹង ហើយក៏មិនឃើញជិះម៉ូតូយកមកឱ្យវិញ។
របាយការណ៍សមត្ថកិច្ច បានឱ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖០០នាទី កម្លាំងជំនាញ នៃអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១.ឈ្មោះ ស៊ីម សាន្ត ភេទប្រុស អាយុ ២២ឆ្នាំ និងទី២.ឈ្មោះ ឆុន រ៉ុម (ហៅម៉ៅ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនសង្ស័យទាំង ០២នាក់ខាងលើ រស់នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ខាងលើនេះ ជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារចំនួន ០៥លើក រួចមកហើយ ពាក់ព័ន្ធនឹងករណីចោរកម្ម។
វត្ថុតាងដកហូត៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1K-2052 សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះដើម្បីបានប្រើប្រាស់វិញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

