(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានបរិច្ចាគថវិកាចំនួន ១០០លានរៀល (បូកថវិកា១លានរៀល និង២.៥០០ដុល្លារអាម៉េរិក) ក្នុងថ្ងៃខួបកំណើតរបស់លោកជំទាវ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងអំណោយជាតុក្កតាជាច្រើន ព្រមទាំងអាហារចំនួនជាង២០០កញ្ចប់ ដល់កុមារាកុមារីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១.០៦៨នាក់ និងបុគ្គលិកពេទ្យផងដែរ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦, តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានគោរពសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមបួងសួង ប្រសិទ្ធពរជ័យសិរីមង្គល មហាប្រសើរជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ
សូមឱ្យកុមារទាំងអស់ មានសុខភាពល្អ សូមឲ្យកូនៗទាំងអស់ ជៀសផុតពីជំងឺកាចសាហាវ សូមឲ្យការព្យាបាលរបស់កូនៗទទួលបានជោគជ័យ៕

